កាលពីជើងទី១ ក្រុមខ្លាំងរបស់បារាំងបានបំបាក់ កាំភ្លើងធំ ៣-១ រួចមកហើយ នៅកីឡដ្ឋាន Emirates ដូច្នេះមានន័យថា បើក្រុមរបស់លោក Arsène Wenger ចង់ឡើងទៅវគ្គបន្ត លុះត្រាតែយកឈ្នះ Monaco ៣គ្រាប់ឡើង។
សម្ដីអ្នកចាត់ការក្រុមទាំង២៖
លោក Leonardo Jardim អ្នកចាត់ការក្រុមម្ចាស់ផ្ទះ Monaco បាននិយាយមុនប្រកួតនេះថា៖ “យើងនឹងមិនគិតពីលទ្ធផលកាលពីជើងទី១ទេ ហើយយើងនឹងព្យាយាមលេងឲ្យបានល្អ។ Arsenal មិនអាចយកឈ្នះយើងបាន កាលពីជើងទី១ ព្រោះតែយើងលេងបានល្អ។ យើងមាន២គ្រាប់នៅក្នុងដៃ ប៉ុន្តែខ្ញុំគិតថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ពិបាកបំផុត នៅរដូវកាលនេះ”។
រីឯលោក Arsène Wenger អ្នកចាត់ការក្រុមកាំភ្លើងធំវិញ បាននិយាយថា៖ “Monaco គឺជាក្រុមមួយខ្លាំង ប៉ុន្តែយើងមានបទពិសោធន៍គ្រប់គ្រាន់ និងមានជំនឿចិត្តថា យើងនឹងអាចធ្វើបាន។ យើងត្រូវតែលេង ដោយភាពស្វាហាប់បំផុត និងធ្វើឲ្យបានល្អ ទាំងការពារ និងប្រយុទ្ធ។ ខ្ញុំជឿជាក់ ថាយើងរួមគ្នាទាំងអស់គ្នា ប្រាកដជាអាចធ្វើបាននៅយប់នេះ”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះ Monaco នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា៖ Bakayoko (របួសសរសៃពួរ), Lacina Traoré (បាក់ជើង), Raggi (ជង្គង់), Ferreira-Carrasco (កជើង), Kondogbia (ភ្លៅ), Toulalan (ភ្លៅ)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមបារាំងអាចជា៖ Subašić; Touré, Carvalho, Abdennour, Kurzawa; Moutinho, Fabinho, Toulalan, Kondogbia; Dirar និង Berbatov។
ចំណែកឯក្រុមភ្ញៀវ Arsenal វិញ ក៏មានកីឡាករសំខាន់ៗអវត្តមានដែរដូចជា៖ Arteta (កជើង), Debuchy (ស្មា), Diaby (កំភួនជើង), Oxlade-Chamberlain (សរសៃពួរ), Rosický (ជម្ងឺ), Gabriel (សរសៃពួរ), Wilshere (កជើង)។ ដូច្នេះ១១នាក់ដំបូងរបស់កាំភ្លើងធំ អាចជា៖ Ospina; Bellerín, Mertesacker, Koscielny, Monreal; Cazorla, Coquelin; Walcott, Özil, Sánchez និង Giroud។
ការពិតមួយចំនួន និងប្រវត្តិជួបគ្នា៖
Monaco ឈ្នះទាំង៣ប្រកួត ក្នុងការប្រកួត Champions League ៣លើកចុងក្រោយ។ Monaco លេងនៅក្នុងដី Stade Louis-II មានស្ថិតិឈ្នះដល់ទៅ ៧៥% ព្រោះលេង២៤ប្រកួត ឈ្នះ១៨ដង។ Monaco មិនទាន់មានក្រុមណាមួយស៊ុតចូល នៅក្នុងដីរបស់គេទេ ក្នុងការប្រកួត Champions League ៣ដង នៅប្រទេសបារាំង នារដូវកាលនេះ។
Arsenal មិនដែលចាញ់ក្រុមប្រទេសបារាំងទេ ក្នុងការប្រកួតក្រៅដី១១ដង នៃពានរង្វាន់អឺរ៉ុប ប៉ុន្តែកាំភ្លើងធំ ក៏មិនដែលមានប្រវត្តិស៊ីក្រុមបារាំង បានលើសពី១គ្រាប់ដែរ។
បើនិយាយពីប្រវត្តិជួបគ្នាវិញ ក្រុមទាំង២នេះ ខ្សត់ណាស់ព្រោះទើបតែជួបគ្នាបាន២លើកគត់ លើកទី១ កាលពីឆ្នាំ២០១៤ លក្ខណៈមិត្តភាព និងលើកទី២ កាលពីខែមុន។
ប្រភព៖Sabay
Blogger Comment
Facebook Comment